សកម្មភាព ចុះបើកវគ្គសិក្ខាសាលាការងារគ្រប់គ្រងបណ្ណសារ តាមបណ្តាស្រុកក្នុងខេត្តចំនួន៨ និងតាមក្រសួង ស្ថាប័ន ឆ្នាំ ២០១៤

image002

ដោយសារសង្រ្គាមរាំរ៉ៃជាច្រើនទស្សវត្តន៍ បានធ្វើឱ្យឯកសារ​ដែល​​ជា​​កេរ្តិ៍មរតក​ប្រវត្តិ​សាស្រ្ត​របស់ជាតិ ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ត្រូវ​បាន​​​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង។ គ្រប់ក្រសួងស្ថាប័នទាំងអស់​ស្ទើតែមិនមាន​សេសសល់ឯកសារ ​ដោយការ​​មិន​យល់​ពី​តម្លៃ​​ឯកសារ និងរបៀបរៀបចំទុកដាក់​ឱ្យបាន​ត្រឹមត្រូវតាមលក្ខណៈ​បច្ចេក​ទេស។ ឯកសារមានតម្លៃ​ពី ឆ្នាំ១៩៧៩ដល់១៩៩០ មួយចំនួន​របស់ថ្នាក់ដឹកនាំ ត្រូវបានយក​ខ្ចប់​នំ​ចំណី​នៅតាម​ទីផ្សារ ឬបំផ្លាញចោល ។ គ្រប់ក្រសួង​ស្ថាប័ន គ្រឹះស្ថានសាធា​រណៈ សហគ្រាស​សាធារណៈ​ទាំងអស់ សុទ្ធសឹងមានសំណុំ​ឯកសារ​​​​រដ្ឋបាលសាធារណៈ តើ​ឯកសារ​​ទាំងនោះ​មានអ្វីខ្លះ? ហើយត្រូវធ្វើដូចម្តេច? ត្រូ​វ​គ្រប់គ្រងថែរក្សាដូចម្តេច?​ តើអ្នកណា​​ជាអ្នកមានតួនាទី ក្នុងការ​គ្រប់គ្រង និងថែរក្សា​ឯកសារ​​នេះ? ទាំងនេះគឺជាគោលបំណងនៃ​ការរៀប​ចំគម្រោងចុះ បើកវគ្គ​«ការងារគ្រប់គ្រង និងថែរក្សា​បណ្ណសារ»ដល់ទូទាំងប្រទេស​រាជ​ធានី ខេត្ត ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ដោយត្រូវពឹងផ្អែកលើជំនួយពីដៃគូអភិវឌ្ឍន៍នានា ។

បណ្ណសារដ្ឋាន​ជាតិកម្ពុជា បានទទួលអនុវត្តគម្រោងរបស់​យូណេស្គូ បើកវគ្គការ​​ងា​រ​​គ្រប់គ្រងបណ្ណសារនៅតាមបណ្តា​ក្រុង និងស្រុក ក្នុងខេត្តចំនួន១៦​រួចមក​ហើយនៅឆ្នាំ ២០១០ និង២០១៣។ ក្នុងឆ្នាំ២០១៤ នេះ បណ្ណសារដ្ឋានជាតិ​កម្ពុជា បានបន្តចុះ​បើកវគ្គក្នុងក្រុង និង ស្រុក​នៃខេត្តចំនូន៨ទៀត គម្រប់២៤ខេត្ត ក្រុង ដើម្បីបញ្ចប់គម្រោង PP 7290113063 CAM និងបើកវគ្គសម្រាប់ក្រសួង-ស្ថាប័ន ក្នុងគោលបំណងធ្វើការ​ណែនាំដល់​ក្រសួង ស្ថាប័ន ក្រុង និងស្រុក ឱ្យបង្កើតបណ្ណសារ​ដ្ឋានក្រសួង-ស្ថាប័ន ក្រុងឬស្រុក ដើម្បី​ប្រមូលឯកសារពីថ្នាក់ឃុំ-​សង្កាត់ ឬ​ការិយា​​ល័យ​​​ជំនាញជុំវិញខ្លួនមកតម្កល់ទុក ដើម្បីត្រៀមប្រគល់ទៅតម្កល់នៅ បណ្ណសារដ្ឋានជាតិ និងបណ្ណសារដ្ឋានខេត្ត ក្រុង តាមកាលកំណត់ ព្រមទាំងណែនាំការងារ​បច្ចេកទេសគ្រប់គ្រង និងថែក្សា​បណ្ណ​សារ​ជាទ្រឹស្តី​ និងការអនុវត្តន៍​ជាក់​​ស្តែងលើការរៀបចំ​ចង​ក្រង​​​សំណុំ​ឯកសារ​ចាស់ៗ ដែលបានទុកចោល​ក្នុង​កេះ​ បាវ ឬ​ឡាំង តាំងពីឆ្នាំ ១៩៧៩មក ឱ្យមាន​របៀបរៀប​រយតាមលក្ខណៈបច្ចេកទេស តាមផែនហ្វុង តាម​ប្រភេទ​ តាម​ឆ្នាំ​ ដើម្បីទុក ជាប្រវត្តិ​សាស្រ្ត​​ ប​ម្រើ​ការស្រាវជ្រាវ ដល់កូនចៅជំនាន់​ក្រោយៗ។