សំណុំឯកសាររូបថត និង បណ្ណសាររបស់លោក Charles Meyer

លោក Charles Meyer (១៩២៣-២០០៤ )ជាជនជាតិបារាំង បានរស់នៅប្រទេសវៀតណាម និងប្រទេសកម្ពុជា ពីឆ្នាំ១៩៤៥ ជាជំនួយការ សម្តេច នរោត្តម ស៊ីហនុ និងជាទីប្រឹក្សាផ្នែកព័ត៌មាន និងការងារសាធារណៈ ក្នុងកំឡុងឆ្នាំ១៩៥០ និង ១៩៦០។ គាត់ជាសមាជិក ក្នុងរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ជាអ្នកនិពន្ធ និងផ្សព្វផ្សាយទស្សនាវដ្តីផ្លូវការរបស់រាជរដ្ឋាភិបាល និងបាននិពន្ធសៀវភៅមួយចំនួនស្តីពី កម្ពុជា។

លោក Meyer បានចាកចេញពីកម្ពុជាក្នុងឆ្នាំ១៩៧០ នៅក្នុងពេលរដ្ឋប្រហារ និងការមកដល់នៃរបបសាធារណរដ្ឋខ្មែរ ដោយបានយកទៅ ជាមួយនូវបណ្ណសារឯកជនរបស់គាត់មួយចំនួនរួមមានៈ របាយការណ៍-អត្ថបទ-ទស្សនាវដ្តី-កាសែត-សៀវភៅ-រូបថត និងឯកសារជាច្រើន។ នៅឆ្នាំ២០០៦ គ្រួសារលោក Charles Meyer នៅទីក្រុងប៉ារីស បានយកបណ្ណសាររបស់លោក Charles Meyer មកធ្វើជាអំណោយដល់បណ្ណសារ-ដ្ឋានជាតិកម្ពុជា ដើម្បីតម្កល់ទុកសំរាប់បំរើឱ្យការស្រាវជ្រាវដល់ប្រជាជនខ្មែរ។ សំណុំបណ្ណសារទាំងនេះរួមមានៈ ទស្សនាវដ្តី, ព្រឹត្តិប័ត្រ ផ្សេងៗ ដូច ជា Le Sangkum, Realité Cambodgienne ឬ Etude Cambodgienne។ ទស្សនាវដ្តី ដែលមានតែមួយលេខៗ ចំនួន ៧០០ក្បាល និងរូបថតពណ៌ និងស-ខ្មៅ ចំនួនជាង ៦០០០ សន្លឹក។ សំណុំបណ្ណសារទាំងនេះ ច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ-សង្គមសាស្ត្រ-នគរវិទ្យា៘ ហើយអាចស្រាវ ជ្រាវបានតាមកាតាឡុកនៅសាលអាននៃ បណ្ណសារដ្ឋានជាតិកម្ពុជា ។

  • ទំហ៊ំនៃសំណុំបណ្ណសារនេះមាន ៧៣៤ ចំណងជើង និងទស្សនាវដ្តី ៨៧៧លេខ ស្មើនឹង 6 linear meters និងរូបថតចំនួន ៦ ២៨៧សន្លឹក។
  • ជំនួយក្នុងការស្រាវជ្រាវមានតាមកាតាឡុក និងតាមរយៈប្រពន្ធ័កុំព្យូទ័រអេឡិចត្រូនិច ដោយយោងទៅលើ ចំណងជើងនៃប្រធានបទចំ ណងជើងនៃពាក្យក្នុងផ្នែកណាមួយនៃហ្វុងឯកសារ (នៅក្នុងសាលអាន នៃបណ្ណ សារដ្ឋានជាតិកម្ពុជា) ។