វិជ្ជា វឌ្ឍនភាព អមតភាព - Knowledge Progress Eternity

ពត៌មាន




បណ្ណសារដ្ឋានជាតិនៃកម្ពុជា តំណាងដោយលោកជំទាវ ឆែម នាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ម៉ម ចាន់ អនុប្រធានបណ្ណសារដ្ឋានបានទទួលស្វាគមន៍សិស្សវិទ្យាល័យនៃសាលាលីលេ បារាំង រឺណេ ដេកាត ដឹកនាំដោយលោកស្រី ហ្គែល រ៉ូហ្គាសិន មកបំពេញទស្សនកិច្ចសិក្សានៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដោយផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្រ្តទាក់ទងនឹងប្រទេសកម្ពុជាក្នុងកំឡុងពេលសង្គ្រាមលោកលើកទី១ដែលតម្កល់ទុកនៅក្នុងបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ជាដំបូង លោកជំទាវ ឆែម នាង បានមានមតិស្វាគមន៍សិស្សនិស្សិតដែលបានបំពេញទស្សនកិច្ចសិក្សាមកកាន់បណ្ណសារដ្ឋានជាតិនៃកម្ពុជា និងបានធ្វើបទបង្ហាញខ្លីអំពីសារបាននៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា និងបណ្ណសារសំខាន់ៗដែលមានតម្កល់នៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

បន្ទាប់មក លោក ម៉ម ចាន់ បានបានដឹកនាំសិស្សានុសិស្សជុំវិញបណ្ណសារដ្ឋានជាតិនៃកម្ពុជាដើម្បីបានមើល និងស្វែងយល់បន្ថែមអំពីកិច្ចការស្នូលរបស់បណ្ណសារដ្ឋានដែលមានដូចជាបន្ទប់ជួសជុលបណ្ណសារ បន្ទប់ធ្វើចំណាត់ថ្នាក់ បន្ទប់បំប្លែងបណ្ណសារទៅជាទម្រង់ឌីជីថល និងបន្ទប់ផែនទី។

សិស្សានុសិស្សទាំងអស់បានស្រាវជ្រាវបណ្ណសារផ្ទាល់ពាក់ព័ន្ធនឹងសង្គា្រមលោកលើកទី១ និងបានសម្តែងចំណាប់អារម្មណ៍ និងសេចក្តីរំភើបរីករាយដែលបានស្រាវជ្រាវបណ្ណសារទាំងនេះដោយផ្ទាល់។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកស្រី កែវ សូនី ប្រធានបណ្ណសារដ្ឋានជាតិនៃកម្ពុជាបានទទួលស្វាគមន៍ លោកជំទាវ ហេលែន ចាវីស (Helen Jarvis) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអនុកម្មាការចុះបញ្ជីស្មារតីចងចាំពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តមបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីគណៈកម្មាការជាតិយូណេស្កូកម្ពុជា និងជាប្រធានក្រុមការងារលេខាធិការដ្ឋានស្មារតីចងចាំពិភព និង លោកស្រី លីង អាន ម៉ូរ៉ូ (Ling Anh Moreau) អគ្គលេខាធិការនៃគណៈកម្មាការស្មារតីចងចាំពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្រុមការងារ ដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការស្នើសុំចុះបញ្ជី «ហ្វុងបណ្ណសាររដ្ឋបាលសម័យបារាំង (រ៉េស៊ីដង់ស៊ុបប៉េរីយើឌុយកាំបូដ) ១៨៦៣-១៩៥៣» ចូលក្នុងកម្មវិធីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។

លោកស្រី កែវ សូនី បានធ្វើបទបង្ហាញអំពី «ហ្វុងបណ្ណសាររដ្ឋបាលសម័យបារាំង (រ៉េស៊ីដង់ស៊ុបប៉េរីយើឌុយកាំបូដ) ១៨៦៣-១៩៥៣» ជូនដល់គណៈកម្មាការជាតិយូណេស្កូប្រចាំប្រទេសកម្ពុជា និងគណៈកម្មាការស្មារតីចងចាំពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្រុមការងារ អំពីភាពសម្បូរបែបនៃបណ្ណសាររដ្ឋបាលសម័យបារាំងដែលកំពុងត្រូវបានអភិរក្ស និងតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដែលមានដូចជាលិខិតរដ្ឋបាល ផែនទី ប្លង់ ខិត្តបណ្ណ និងរូបថតជាដើមដោយទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិដែលគួរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។

បន្ទាប់មកក្រុមការងារបានធ្វើការពិនិត្យបណ្ណសារដោយផ្ទាល់ ហើយបានបង្ហាញចំណាប់អារម្មណ៍ និងសេចក្តីរំភើបរីករាយក្រៃលែងចំពោះ សោភ័ណភាព គុណតម្លៃ និងភាពកម្រនៃបណ្ណសារ។ ក្រុមការងារបានបង្ហាញភាពសុទិដ្ឋិនិយម និងបានវាយតម្លៃខ្ពស់ចំពោះបណ្ណសារទាំងអស់នោះផងដែរ។ ក្រុមការងារគណៈកម្មាការស្មារតីចងចាំពិភពលោកទាំងប្រចាំប្រទេស និងប្រចាំតំបន់អាស៊ីប៉ាស៊ិហ្វិកបានបញ្ជាក់បន្ថែមថា ក្រុមការងារនឹងបន្តផ្តល់កិច្ចសហការល្អ និងការគាំទ្រចាំបាច់ផ្សេងៗចំពោះបណ្ណសារដ្ឋានជាតិនៃកម្ពុជាក្នុងដំណើរការបំពេញពាក្យស្នើសុំដាក់បញ្ចូលបណ្ណសាររដ្ឋបាលសម័យបារាំងក្នុងកម្មវិធីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។

កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ Helen Jarvis ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បាននាំយកឯកសារផ្ទាល់ខ្លួនរបស់លោកជំទាវពីឆ្នាំ១៩៩១​ មកប្រគល់ជូនលោកស្រី កែវ សូនី ប្រធានបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដើម្បីតម្កល់ទុកសម្រាប់បម្រើជាប្រយោជន៍ដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិដែលមកធ្វើការសិក្សាស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

គួរបញ្ជាក់ផងដែរថា សំណុំឯកសាររបស់លោកជំទាវ Helen Javris នឹងត្រូវបង្កើតជាសំណុំឯកសាររបស់លោកជំទាវផ្ទាល់ ដែលមានឈ្មោះថា Collection Helen Jarvis។

លោកស្រី កែវ សូនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវដែលបានប្រគល់ឯកសារផ្ទាល់ខ្លួនមកកាន់បណ្ណសារដ្ឋានជាតិនៃកម្ពុជា និងតែងតែជួយគាំទ្រ និងផ្តល់អនុសាសន៍ និងយោបល់ល្អៗដល់បណ្ណសារដ្ឋានជាតិកន្លងមក។


បណ្ណសារដ្ឋានជាតិកម្ពុជា ទទួលបន្ទុកថែរក្សាការពារនូវបណ្តុំបណ្ណសារ ដែលត្រឹមត្រូវតាម ច្បាប់ និងមានតម្លៃជាប្រវត្តិសាស្ត្រ ហើយដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា។ បណ្ណសារ ទាំងនេះជាបណ្ណសាររដ្ឋបាល សម័យអាណានិគមនិយមបារាំង (ឆ្នាំ១៨៦៣–១៩៥៤) រហូតដល់ បច្ចុប្បន្ន។ បណ្តុំបណ្ណសារទាំងនេះត្រូវបានរៀបចំតាមប្រភព សម័យកាល និងប្រវត្តិកាល។ បណ្ដុំ បណ្ណសារទាំងអស់មានប្រវែង២,១៤៥ ម៉ែត្រលីណេអ៊ែរ មាន១៤បណ្តុំ (ហ្វុង)៖


ធ្វើដូចម្តេចដើម្បីប្រើប្រាស់សំណុំបណ្ណសាររបស់បណ្ណសារដ្ឋានជាតិកម្ពុជា

ប្រសិនជាអ្នកធ្លាប់បានស្រាវជ្រាវបណ្ណសារជាទូទៅ ក៏ដូចជាយល់ពីបណ្ដុំ បណ្ណសាររបស់​បណ្ណសារដ្ឋានជាតិ និងប្រព័ន្ធចំណាត់ថ្នាក់ដែលយើងបានប្រើវា ដើម្បីធ្វើអោយ​មានដំណើរ​ការ​ប្រើប្រាស់ទៅបាន អ្នកអាចចូលស្រាវជ្រាវកាតាឡុក​របស់យើង​។  ប្រសិនបើអ្នកមិនធ្លាប់ និងដើម្បីធានានូវលទ្ធផលនៃការស្រាវជ្រាវរបស់អ្នក ជាដំបូងអ្នកត្រូវ​ស្វែងយល់ដោយខ្លួនឯងនូវព័ត៌មានដែលបានណែនាំខ្លះៗដូចខាងក្រោម៖

មិនធ្លាប់ធ្វើការស្រាវជ្រាវបណ្ណសារ

ការរកឯកសារជាបណ្ណសារ មានលក្ខណៈខុសប្លែកគ្នាពីការរកឯកសារជាសៀវភៅ ឬរកឯកសារតាមអ៊ីនធើណេត ដោយវាទាមទានូវបច្ចេកទេសផ្សេងពីគ្នា។ ដូច្នេះយើងសូម​ណែនាំអ្នកថា ដំបូងត្រូវអាននូវព័ត៌មានអំពី ការរៀបចំនូវការស្រាវជ្រាវរបស់អ្នក

ដឹងពីវិធីស្រាវជ្រាវបណ្ណសារ ប៉ុន្តែមិនដែលបានទៅដល់បណ្ណសារដ្ឋានជាតិកម្ពុជា

យើងសូមណែនាំអ្នកថា ដំបូងត្រូវអាននូវការពិព័ណ៌នាលំអិតអំពីបណ្ដុំបណ្ណសារ​របស់យើងខាងក្រោមជាមុនសិន មុនពេលចូលទៅមើកាតាឡុករបស់យើង។

ខ្ញុំដឹងពីការងាររបស់អ្នក និងការប្រើប្រាស់ប្រព័ន្ធចំណាត់ថ្នាក់ សូមនាំខ្ញុំទៅកាតាឡុក

បណ្ណសារផែនទី គឺជាបេតិកភណ្ឌរបស់ជាតិ មានសារៈប្រយោជន៍ដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិដែលបង្ហាញពីទីតាំង ពីភូមិសាស្ត្រតំបន់នានានៅក្នុងប្រទេសកម្ពុជានាសម័យបារាំង។

ផែនទីជាច្រើននៅក្នុងសម័យកាលអាណាព្យាបាលបារាំង កំពុងពុកផុយ ដាច់រហែក ជាបំណែកតូចៗ ដោយសារកត្តាអាយុកាល, អាកាសធាតុ, មនុស្ស, កត្តាការផ្ដល់បម្រើការស្រាវជ្រាវដោយផ្ទាល់ ព្រមទាំងកត្តារួមផ្សំជាច្រើនទៀត។

ដូច្នេះ ផែនទីនៅសម័យអាណាព្យាបាលបារាំងកំពុងជួបគ្រោះមហន្តរាយដែលនឹងបាត់បង់ក្នុងពេលខាងមុខ ដែលតម្រូវឲ្យជួយសង្គ្រោះជាបន្ទាន់។

បណ្ដុំឯកសារស្រាវជ្រាវ១៖ ពាណិជ្ជកម្ម និងឧស្សាហកម្ម

ស្ថិតក្នុងសម័យសាកលភាវូបនីយកម្ម នៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា បណ្ណសារដ្ឋាន​ជាតិនៃកម្ពុជាក៏បានធ្វើការស្គែនឯកសារដើម្បីតម្កល់ទុកផងដែរ។ បណ្ណសារដ្ឋានជាតិនៃកម្ពុជាបានយក​ចិត្ត​ទុកដាក់​លើឯកសារសម័យ​អាណានិគមនិយមបារាំងជាខ្លាំង ដោយសារព័ត៌មានដែលមាននៅក្នុងបណ្តុំ​បណ្ណសារនេះមានខ្លឹមសារសំខាន់ និងមានលក្ខណៈពេញលេញដែលមានការចាប់អារម្មណ៍ពីអ្នក​ស្រាវជ្រាវ​​ជាតិ និងអន្តរជាតិមកសិក្សាស្រាវជ្រាវជារៀងរាល់ថ្ងៃ។ ដោយសារឯកសារទាំងនេះមានតែមួយ​ច្បាប់​បណ្ណសារដ្ឋានជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យអ្នកស្រាវជ្រាវ ប្រើបា្រស់ឯកសារសំណៅដើមសម្រាប់​ការសិក្សារបស់ពួកគេ។ ដោយសារឯកសារសម័យអាណានិគម និយមបារាំង មានសភាព​ពុកផុយខ្លាំង បណ្ណសារដ្ឋានជាតិនៃកម្ពុជាបានធ្វើការស្គែនឯកសារទាំងនោះ ឡើងវិញ សម្រាប់បម្រើការស្រាវជ្រាវ។ ដើម្បីអភិរក្សឯកសារច្បាប់ដើម កុំឱ្យមានការខូចខាត បន្ថែមទៀត។